ពីមួយឆ្នាំទៅមួយឆ្នាំ បច្ចេកវិទ្យាក៏ចេះតែផ្លាស់ប្ដូរឥតឈប់ឥតឈរ រីឯវប្បធម៌ចែករំលែកព័ត៌មានកាន់តែងាយស្រួលឡើងៗរហូតដល់ដល់ច្រើនស្កេះស្កះ ដែលយើងពេលខ្លះបែងចែកមិនដាច់រវាងព័ត៌មានណាពិត និងព័ត៌មានណាមិនពិត ប៉ុន្តែយើងមើលឃើញថា សង្គមបច្ចុប្បន្នបានធ្វើការចែករំលែកព័ត៌មានមិនពិត ក្លែងក្លាយ ឬព័ត៌មានមិនល្អ លឿនដូចផ្លេករន្ទះ ស្របពេលដែលព័ត៌មានពិតមានការចែករំលែកតិចតួចបំផុត។
មនុស្សគ្រប់គ្នាហាក់បីដូចជាហ្វេសប៊ុកជារេញប្រកួតគ្នាមួយអំពីព័ត៌មានមិនពិត ដោយបង្ហាញទៅកាន់ពិភពលោកនូវអ្វីដែលជាការសម្ដែង ភាពមិនច្បាស់ការ ដើម្បីតែយកឈ្នះគូប្រកួតលើរេញហ្វេសប៊ុក។
#សារព័ត៌មានតែស្ករ
នរណាក៏អាចក្លាយជាអ្នកសារព័ត៌មានបាន ឲ្យតែមានស្មាតហ្វូន និងហ្វេសប៊ុកផេក ឬគណនីមួយនៅនឹងដៃ។ ដើម្បីផលចំណេញផ្ទាល់ខ្លួនម្ចាស់ហ្វេសប៊ុកផេកមួយចំនួនបានប្រែបន្លំព័ត៌មានក្លែងក្លាយជាច្រើនឥតគណនា ដើម្បីបោកប្រាស់ទាញយកចំនួន Likes ពីអ្នកប្រើប្រាស់។
ការបោកប្រាស់ព័ត៌មានទាំងនោះរួមមានរឿងនយោបាយ ភាពអាណិតអាសូរ ព័ត៌មានប្រឌិតឡើងជាមួយនឹងប្រធានបទមិនច្បាស់ការ ធ្វើឲ្យព័ត៌មានទាំងនោះប្រែក្លាយពីក្លែងក្លាយ មកជាការពិតត្រឹមតែប៉ព្រិចភ្នែក។ ផេកមួយបានបង្កើតឡើងព័ត៌មានមិនពិត ផេកផ្សេងដទៃឃើញ យកមកចែកចាយបន្ត ធ្វើឲ្យរឿងល្អទៅជាអាក្រក់ សទៅជាខ្មៅបាន ព្រោះតែអ្នកសារព័ត៌មានតែស្ករ។
ជាក់ស្ដែងខ្ញុំទើបតែអានអត្ថបទនឹងស្ត្រីជនជាតិជប៉ុនម្នាក់ ដែលធ្វើការថតរូបផ្សាយពានិជ្ជកម្មការវះកាត់ ដែលរូបថតនោះជារូបក្រុមគ្រួសារមួយដែលឪពុកម្ដាយមានរូបសម្ភស្សស្រស់ស្អាត តែកូនៗរបស់គាត់បែរជាមានមុខមាត់អាក្រក់ទៅវិញ។ រូបភាពនេះត្រូវបានគេចែកចាយ ដោយផ្លាស់ប្ដូរព័ត៌មានពីស្ត្រីដែលត្រឹមតែពានិជ្ជកម្មឲ្យគេសោះ មកជារូបស្ត្រីថតរូបជាមួយគ្រួសារមួយដែលបានសរសេរផ្សេងៗខុសគ្នាក្នុងន័យ “គាត់ជាអ្នកកែសម្ភស្ស” ដែលព័ត៌មានមិនពិតទាំងនេះបានបំផ្លាញជីវិតមនុស្សស្រីម្នាក់ដែលគាត់កំហុសអ្វីទាល់តែសោះ។ គាត់ត្រូវបាត់បង់ការងារ គ្រួសារខាងគូដណ្ដឹងមិនទុកចិត្ត ខ្មាសនឹងសង្គម ត្រូវរស់នៅលាក់មុខលាក់ក្រោយដោយសារតែព័ត៌មានមិនពិតទៅវិញ។ តំណរលីងខាងក្រោមពីជីវិតពិតស្ត្រីដែលរស់នៅជាមួយរឿងអយុត្តិធម៌សារព័ត៌មានតែស្ករ៖ https://www.youtube.com/watch?v=7WMebV5qt3s
#តុលាការហ្វេសប៊ុក
ការបញ្ចេញមតិលើហ្វេសប៊ុកត្រូវបានបើកយ៉ាងទូលំទូលាយ ប៉ុន្តែស្របពេលជាមួយនឹងការបញ្ចេញមតិនោះ មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានក្លាយទៅជាតុលាការហ្វេសប៊ុក។ ការបញ្ចេញមតិដែលលើសលស់ ខ្វះការពិចារណាត្រឹមត្រូវថាព័ត៌មានណាពិត មួយណាមិនពិត ដោយគ្រាន់តែអានពាក្យពីរបីឃ្លានៅពីខាងលើ ក៏ទាញទូរសព្ទបញ្ចេញនូវមតិដែលមិនសមគួរទៅហើយ។
តុលាការហ្វេសប៊ុកមានគ្រប់ទីកន្លែង គ្រប់ប្រទេស ដ្បិតអីការបញ្ចេញមតិនេះមានភាពងាយស្រួល ហើយក៏គ្មានច្បាប់ឯណាមកហាមឃាត់បានឡើយ ដែលធ្វើឲ្យនរណាក៏អាចក្លាយជាតុលាការហ្វេសប៊ុកបានដែរ ឲ្យតែមានស្មាតហ្វូន ចេះសរសរ រួចជាការស្រេច។
ប៉ុន្តែសំណួរជាច្រើនបានផុសឡើងថា “ហេតុអ្វីបានយើងចូលចិត្តរឿងមិនពិតម្ល៉េះ?”
យ៉ាងណាក៏ដោយ ការចែករំលែកព័ត៌មាននូវតែជាចំណុចល្អក្នុងហ្វេសប៊ុក ប៉ុន្តែសូមឲ្យការចែករំលែកព័ត៌មាន ឬប្រសិនបើអ្នកជឿលើព័ត៌មានអ្វីមួយ សូមជឿដោយប្រាជ្ញា។