កាលពីពេលថ្មីៗនេះ ហ្វេសប៊ុកបានរាយការណ៍ទៅកាន់ BBC News ថា ខ្លួនមានគម្រោងនឹងចាប់ផ្ដើមដំណើរការ GlobalCoin របស់ខ្លួននៅដើមឆមាសទី១ ឆ្នាំក្រោយនេះហើយ។ ក្រុមហ៊ុនហ្វសប៊ុកក៏បានឲ្យដឹងដែរថា ខ្លួននឹងផ្ដល់ជូនព័ត៌មានបន្ថែមទៀតអំពីបញ្ហារូបិយប័ណ្ណ ដែលវាកំពុងស្ថិតក្នុងការសាកល្បងឆ្នាំ ២០១៩ នេះ។
បញ្ហារូបិយប័ណ្ណនេះ សម្ដៅទៅលើ GlobalCoin ដែលហ្វេសប៊ុកចង់ឲ្យប្រើប្រាស់វាជាមួយនឹងប្រទេសជាច្រើនជុំវិញពិភពលោក ដែលនឹងរំពឹងថា វាមានសុវត្ថិភាព តម្លៃសមរម្យ ជាពិសេសនោះរាល់ការទូទាត់ ចំណាយលើហ្វេសប៊ុកទាំងអស់នឹងមិនត្រូវការគណនីធនាគារទៀតនោះទេ។
ការប្រើប្រាស់រូបិយប័ណ្ណថ្មីនៅក្នុងហ្វេសប៊ុកនេះ ឆ្លងកាត់ការសាកល្បងជាច្រើនដងច្រើនសារ មុននឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ ដោយផ្អែកតាមសារព័ត៌មាន BBC News កាលពីខែមុន លោកម៉ាក់ ហ្សាឃឺបឺតអគ្គនាយកក្រុមហ៊ុនហ្វេសប៊ុកបានធ្វើការណាត់ជួបជាមួយធនាគារប្រទេសអង់គ្លេស ដើម្បីធ្វើការពិភាក្សាអំពីឱកាស ក៏ដូចជាគ្រោះហានិភ័យដែលអាចកើតមានក្នុងវិស័យឌីជីថលមួយនេះ។
ទោះបីជាយ៉ាងណាក៏ដោយ វាអាចជារឿងដែលពិបាកបន្តិច ជាពិសេសការដាក់ឲ្យប្រើប្រាស់ក្នុងប្រទេសឥណ្ឌានេះ។ ហ្វេសប៊ុកបានយកប្រទេសឥណ្ឌាជាគន្លឹះសំខាន់នៃការដាក់ដំណើរការ GlobalCoin របស់ខ្លួន ហើយក្រុមហ៊ុនហ្វេសប៊ុកក៏សង្ឃឹមថា នឹងជួយុប្រជាជនឥណ្ឌាបានច្រើន ព្រោះហ្វេសប៊ុកគឺជាកន្លែងដែលអនុញ្ញាតឲ្យប្រជាជនឥណ្ឌាដែលធ្វើការក្រៅប្រទេសខ្លួនអាចធ្វើការផ្ញើលុយមកកាន់គ្រួសាររបស់គេតាមរយៈ WhatsApp ផងដែរ។
ប្រភព៖ www.theverge.com