ដោយសារបណ្ដាញទំនាក់ទំនងសង្គមអនឡាញបានក្លាយជាមធ្យោបាយដែលមានភាពងាយស្រួល និងមានការប្រើប្រាស់ច្រើនបំផុតក្នុងសង្គមទំនើបបច្ចុប្បន្ន ទើបធ្វើឱ្យអាជីវកម្មគ្រប់ប្រភេទ និងគ្រប់កម្រិតទាំងអស់ក្នុងសតវត្សរ៍ទី ២១ នេះមិនអាចជោគជ័យទៅបានដោយគ្មានវា។
ជាក់ស្ដែងក្នុងសង្គមខ្មែរបច្ចុប្បន្នកំពុងងាកមកប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមនេះយ៉ាងសកម្មដើម្បីសម្រួលដល់តម្រូវការប្រចាំប្រថ្ងៃ។ ជាវិសេសកម្មវិធី Facebook, Instagram, Youtube បានក្លាយជាមធ្យោយបាយក្នុងការផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពសម្រាប់អាជីវករដោយវាអាច៖
ពង្រីកវិសាលភាពអតិថិជន

ចំណុចពិសេសបំផុតរបស់បណ្ដាញផ្សព្វផ្សាយសង្គម (Social Media) គឺអាចពាំនាំព័ត៌មានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីអាជីវកម្មរបស់លោកអ្នកបានទៅដល់អតិថិជនគោលបានយ៉ាងច្រើន ឆាប់រហ័យ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ហើយមិនត្រឹមតែសម្រាប់អតិថិជនក្នុងស្រុកតែប៉ុណ្ណោះទេ លោកអ្នកក៏អាចធ្វើការផ្សព្វផ្សាយទៅក្រៅប្រទេសបានដូចគ្នា។
បង្កើនភាពល្បីល្បាញបានលឿន

កត្តាសំខាន់មួយទៀតរបស់ Social Media វាអាចជួយធ្វើឱ្យម៉ាកយីហោអាជីវកម្មរបស់លោកអ្នកទទួលបានភាពល្បីល្បាញ និងមានភាពលេចធ្លោពីដែគូប្រកួតប្រជែង។ ដោយសារតែបណ្តាញសង្គមដែលល្បីៗដូចជា Facebook ឬ Instagram មានជម្រើសច្រើនអំពីរបៀបក្នុងការផ្សព្វផ្សាយសម្រាប់អាជីវកម្មលោកអ្នក។
ឧទាហរណ៍៖ កម្មវិធី Facebook អ្នកអាចធ្វើការផ្សព្វផ្សាយដោយប្រើកម្មវិធី Live វិឌីអូ ឬផុសជារូបភាពជាដើម។ ទាំងអស់នេះសុទ្ធតែអាចធ្វើឱ្យម៉ាកយីហោរបស់លោកអ្នកកាន់តែមានភាពល្បីល្បាញបានលឿន និងអាចហួសពីការរំពឹងទុកទៅទៀតប្រសិនបើលោកអ្នកមានគំនិតច្នៃប្រឌិតខ្ពស់ និងមានការយល់ដឹងពីវាបានស៊ីជម្រៅ។
កសាងទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន

ចំណុចពិសេសចុងក្រោយដែល Social Media អាចធ្វើបានសម្រាប់អាជីវកម្ម គឺ កសាង និងរក្សាទំនាក់ទំនងជាមួយអតិថិជនប្រកបដោយភាពងាយស្រួល បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ រាល់មធ្យោបាយទាក់នងសួរព័ត៌មានក្ដី ទាក់ទងទិញផលិតផលក្ដី ឬប្រើសេវាកម្មក្ដី សុទ្ធតែជាកត្តាចាំបាច់ដើម្បីទាក់ទាញអតិថិជនឱ្យនៅតែគាំទ្រអាជីវកម្មរបស់លោកអ្នកបានយូរអង្វែង។
Reference: learn.fb.com/lessons