ខាងក្រោមនេះគឺជាកំណែអាប់ដេតថ្មីៗ ដែលហ្វេសប៊ុកបានលើកឡើងក្នុងព្រឹត្តិការណ៍ F8៖
#កំណែឌីហ្សាញទម្រង់ហ្វេសប៊ុកថ្មី

រឿងដំបូងគេដែលហ្វេសប៊ុកបានធ្វើកំណែទម្រង់នោះគឺ កំណែឌីហ្សាញទម្រង់ហ្វេសប៊ុកថ្មី ដ៏គួរឲ្យទាក់ទាញ។ ដោយក្នុងព្រឹត្តិការណ៍នេះ ប្រធានក្រុមហ៊ុនលោក ម៉ាក ហ្ស៉ាកឃឺប៊ឺត (Mark Zuckerberg) បានផ្ដោតសំខាន់ទៅលើផ្នែកឌីហ្សាញរបារខាងឆ្វេងនៃហ្វេសប៊ុក ដោយលោកនឹងផ្លាស់ប្ដូរពីពណ៌ខៀវ ទៅជាពណ៌ស ដើម្បីឲ្យទម្រង់ហ្វេសប៊ុកក្នុងកុំព្យូទ័រ ដូចទៅនឹងពណ៌ទម្រង់ក្នុងទូរសព្ទដៃ។

បន្ថែមពីលើនេះទៀតនោះ ហ្វេសប៊ុកក៏បានបន្ថែមមុខងារថ្មីមួយឈ្មោះថា “Meet New Friends” ដោយតាមរយៈមុខងារថ្មីនេះ យើងអាចធ្វើការចែករំលែកផុសរបស់យើងទៅកាន់គ្រុបជាច្រើនបានដោយងាយស្រួល ហើយសម្រាប់មុខងារនេះនឹងជួយយើងឲ្យភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ដទៃផ្សេងទៀតដែលមានចំណង់ចំណូលចិត្តប្រហាក់ប្រហែលនឹងយើងទៀតផង។
#ឥឡូវនេះ Facebook Dating បានចាប់ឲ្យដំណើរការនៅសហរដ្ឋអាមេរិកហើយ

ហ្វេសប៊ុកបានប្រកាសជាមួយកម្មវិធីណាត់ជួបរបស់ខ្លួនដែលមានឈ្មោះថា “Facebook Dating” តាំងពីឆ្នាំមុនមកម្ល៉េះ ប៉ុន្តែវាពុំទាន់ដាក់ឲ្យដំណើរការជាផ្លូវការនៅឡើយទេ។ ប៉ុន្តែកាលពីព្រឹត្តិការណ៍ F8 ហ្វេសប៊ុកបានប្រកាសថា ហ្វេសប៊ុកនឹងដាក់ដំណើរការ Facebook Dating របស់ខ្លួននៅចុងឆ្នាំនេះហើយ។
មុខងារថ្មីនេះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាញយកមនុស្សដែលខ្លួនលួចស្រឡាញ់ចូលទៅក្នុងបញ្ជីមួយ (List name) ដោយមានតែម្ចាស់គណនីផ្ទាល់ទេទើបអាចដឹងបាន។ នៅពេលដែលអ្នកប្រើប្រាស់ទាំងពីរសុទ្ធតែបានទាញមនុស្សដែលខ្លួនលួចស្រឡាញ់ចូលបញ្ជី “Secret Crush” នោះ ហ្វេសប៊ុកនឹងធ្វើផ្ដល់ដំណឹងថាពួកគេ Match ហើយ។
#Instagram មិនមែនជាការអួតចំនួន LOVE ទៀតនោះទេ

យើងដឹងហើយថា Instagram គឺជាបណ្ដាញទំនាក់ទំនងដ៏ពេញនិយមរបស់ក្រុមហ៊ុនយក្សហ្វេសប៊ុក ហើយចំណុចពិសេសរបស់ Instagram គឺបច្ចេកវិទ្យាកែរូបភាពស្អាត ដែលទទួលបានការពេញនិយមទូទាំងពិភពលោក។

យ៉ាងណាក៏ដោយ កាលពីថ្មីៗនេះហ្វេសប៊ុកបានចេញសេចក្ដីប្រកាសថាខ្លួនកំពុងកែប្រែចំណុចតួរលេខដែលបង្ហាញពីចំនួនអ្នក LOVE លើផុស ដោយហ្វេសប៊ុកមានបំណងចង់លាក់ចំនួននេះតែម្ដង។ បច្ចុប្បន្ននេះ គេកំពុងតេស្តសាកល្បងក្នុងប្រទេសកាណាដាផងដែរ។
#Messenger ផ្លាស់ប្ដូររូបរាងកាន់តែតូច តែមានដំណើរការកាន់តែលឿនជាងមុន


កម្មវិធី Messenger ក៏ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកប្រកាសពីការផ្លាស់ប្ដូររូបរាងមួយចំនួន ហើយអ្វីដែលពិសេសនោះ វានឹងកាត់បន្ថយមុខងារមិនសំខាន់ ដើម្បីរក្សាទំហំនៃកម្មវិធីកាន់តែតិច និងដំណើរការកម្មវិធីរបស់ខ្លួនកាន់តែលឿន។

បន្ថែមពីលើនេះទៀតនោះ ហ្វេសប៊ុកនឹងបង្កើតកម្មវិធី Messenger ថ្មីសម្រាប់អ្នកនិយមប្រើប្រាស់កុំព្យូទ័រ Desktop ថែមទៀតផង។ អ្វីដែលប្លែកនោះ Messenger បានបន្ថែមមុខងារថ្មីលើកម្មវិធីរបស់ខ្លួន ដោយអ្នកប្រើប្រាស់អាចចែករំលែកវីដេអូ កែប្រែ ដែលអ្នកប្រើប្រាស់ផ្សេងទៀតក៏អាចចូលទៅចែករំលែកបានក្នុងពេលតែមួយផងដែរ។
អានបន្ត៖ ឡូយកប់! កំណែអាប់ដេតកម្មវិធីផ្ញើសារហ្វេសប៊ុកថ្មី ផ្លាស់ប្ដូរស្ទើរតែគ្រប់ផ្នែកពី Version ចាស់
#បច្ចេកវិទ្យាថ្មីទាំងពីរ Oculus VR លេចចេញជារូបរាងហើយ

សម្រាប់ផ្នែក Hardware វិញ ហ្វេសប៊ុកក៏បានចាប់ផ្ដើមដំណើរការបច្ចេកវិទ្យាថ្មីទាំងពីររបស់ខ្លួនដែរនោះគឺ Oculus VR ដែលនឹងដាក់លក់ថ្ងៃទី ២១ ឧសភា ខាងមុខនេះដោយមានតម្លៃ $៣៩៩ ក្នុងមួយ Oculus VR ។

សម្រាប់ Oculus VR នេះបែងចែកជាពីរគឺ Oculus Rift S ដែលមានកម្លាំងខ្លាំង ដែលសាកសមបំផុតសម្រាប់អ្នកចូលចិត្តលេងហ្គេម។ ចំណែកឯមួយទៀតឈ្មោះថា Oculus Quest វាមានកម្លាំងតិចជា Rift S ប៉ុន្តែវាត្រូវការកុំព្យូទ័រ ខ្សែភ្ជាប់អ្វីបន្ថែមឡើយ ដោយវាមានភ្ជាប់មករួចជាស្រេច។
#បច្ចេកវិទ្យា Portal កាន់តែមានច្រើនជម្រើស និងមានដាក់លក់នៅបណ្ដាប្រទេសជាច្រើន

បច្ចេកវិទ្យាធំសម្រាប់ក្រុមហ៊ុនយក្សហ្វេសប៊ុកនេះ នោះគឺ Portal ដែលទើបតែចេញប្រកាសកាលពីថ្ងៃអង្គារ៍នេះ។ ដោយឧបករណ៍នេះ នឹងមានដាក់លក់នៅថ្ងៃទី ៤ មិថុនា ក្នុងប្រទេសកាណាដាមុនគេ ជាពិសេសនោះ វាក៏នឹងដំណើរការលើកម្មវិធី WhatsApp ថែមទៀតផង។

ប្រភព៖ https://mashable.com